ខ្សែដៀវជាឧបករណ៍ភ្លេងខ្មែរបុរាណដែលមានឆ្លាក់នៅលើប្រាសាទបុរាណខ្មែរ ហើយគេអាចហៅឈ្មោះបានច្រើនបែបដូចជា ខ្សែឯក ឯកតន្រ្តី ឬខ្សែមួយ ហើយភាសាអង់គ្លេសហៅថា One String។ វាជាឧបករណ៍ដ៍កម្រមួយ ដែលមនុស្ស ៨០ ទៅ ៩០ភាគរយមិនបានស្គាល់ថាវាជាអ្វី។
ខ្សែដៀវជាឧបករណ៍តន្ត្រី មានខ្សែមួយ។ គេប្រគំវាក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណ*។ តែក្រោយមកគេឃើញលោកតាក្រមង៉ុយយកមកប្រគុំតែឯងអមជាមួយកំណាព្យរបស់គាត់។
វាចែកចេញជា ដង ព្រលួត ប្រអប់សំនៀង ខ្សែសំនៀង ខ្សែក និងក្រចកកេះ។ ដងធ្វើអំពីឈើរឹងមានរាងមូលរាវ ងខាងចុង។ ប្រអប់សំនៀងធ្វើអំពីសម្បកឃ្លោកទុំ(ឃ្លោកក្អម) ខ្សែសំនៀងមានមួយធ្វើអំពីលួសរស់ ឬលង្ហិន។
ក្រោយសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ជីវិតនៃនៃឧបករណ៍នេះស្ទើតែរលាយសូន្យ ដោយសារតែសល់តែអ្នកចេះលេងឧបករណ៍តែម្នាក់គត់ គឺលោកតា សុខ ឌុច។ លោកតា សុខ ឌុច ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតាំងជាព្រឹទ្ធាចារ្យ ខ្សែដៀវ។ លោកព្រឹទ្ធាចារ្យបានផ្ទេរចំណេះមកដល់កូនចៅខ្មែរមួយចំនួនមុនពេលលោកបានបាត់បង់ជីវិត។
ឧបករណ៍មួយនេះគឺពិបាករៀនជាងឧបករណ៍ផ្សេងៗទាំងអស់ ដោយសារវាមានខ្សែតែមួយ។ ខ្ញុំសង្ឃឹមថាឧបករណ៍នេះនឹងមានអ្នកចូលចិត្តច្រើន រស់ឡើងវិញនៅពេលណាមួយ។
(* វង់ភ្លេងការបុរាណ មានកំណើតជាង២០០០ឆ្នាំមកហើយ។ ដើមឡើយគេប្រើវង់ភ្លេងនេះប្រគំក្នុងពិធីលៀងអារក្ស។
លុះក្រោយមកគេប្រើវាសម្រាប់ប្រគំក្នុងពិធីអាពាហ៍ពិពាហ៍ទៅវិញ ទើបគេហៅថាវង់ភ្លេងការបុរាណតរៀងមក។
វង់ភ្លេងអារក្ស និងវង់ភ្លេងការជាវង់ភ្លេងមានឧបករណ៍ដូចគ្នា គឺ ទ្រខ្សែ៣ ខ្សែដៀវ ចាប៉ីដងវែង ប៉ីអ ប៉ីពក ស្គរអារក្ស និងឈិង។
វង់ភ្លេងការបច្ចុប្បន្ន គេហៅថាវង់ភ្លេងការសម័យកណ្តាល។)
No comments:
Post a Comment