ពេលយើងរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ក្នុងមុខវិទ្យាភូមិវិទ្យាយើងតែងស្គាល់អំពីការកំណត់ទីតាំងប្រទេសកម្ពុជាស្ថិតនៅចន្លោះខ្សែស្របទី១០ និងខ្សែស្របទី១៥ នៃរយៈទទឹងខាងជើង និងនៅចន្លោះខ្សែបណ្ដោយទី១០២ និងខ្សែបណ្ដោយទី១០៨ នៃរយៈបណ្ដោយខាងកើត ។ តើអ្វីជាខ្សែបណ្តោយ និងខ្សែស្រប?
ខ្សែបណ្តោយ
ខ្សែបណ្ដោយ ឬខ្សែមេរីឌីយាង (Meridian) គឺជាងអ័ក្សប្រឌិតនៅលើផ្ទៃផែនដី ដែលតភ្ជាប់ប៉ូលខាងជើងនិងប៉ូលខាងត្បូង កាត់តាមរយៈបណ្ដោយកំនត់មួយ។ ទីតាំងរបស់ចំនុចមួយនៅលើខ្សែបណ្ដោយកំនត់ដោយរយៈទទឹងរបស់វា។ គ្រប់ខ្សែបណ្ដោយទាំងអស់កែងទៅនឹងគ្រប់ខ្សែស្របនៅរាល់ចំនុចកាត់គ្នា។ ខ្សែបណ្ដោយទាំងអស់មានប្រវែង ២០ ០០៣,៩៣គ.ម ស្មើៗគ្នា គឺស្មើនឹងពាក់កណ្ដាលបរិមាត្រផែនដី។
ខ្សែបណ្ដោយដែលកាត់តាមមជ្ឍមណ្ឌលហ្គ្រីនវីច (អង់គ្លេស) ត្រូវបានគេចាត់ទុកជាគោល(រយៈបណ្ដោយ0o និងត្រូវបានគេដាក់ឈ្មោះថាខ្សែបណ្ដោយហ្គ្រីនវីច។ ខ្សែបណ្ដោយដទៃទៀតកំនត់ដោយមុំដែលមានកំពូលនៅផ្ចិតផែនដី និងមានរង្វាស់មុំ(តាមអេក្វាទ័រ)ធៀបទៅខ្សែបណ្ដោយហ្គ្រីនវីច។ ដោយមួយជុំមាន 360o ខ្សែបណ្ដោយដែលនៅម្ខាងទៀតនៃខ្សែបណ្ដោយហ្គ្រីនវីចមានរយៈបណ្ដោយ 180o ។ខ្សែបណ្ដោយដែលនៅចន្លោះពី 0oទៅ180o ក្នុងរយៈទទឹងខាងលិចស្ថិតនៅក្នុងអឌ្ឍគោលខាងលិច (ខាងលិចខ្សែបណ្ដោយហ្គ្រីនវីច) ហើយ ខ្សែបណ្ដោយដែលនៅចន្លោះពី 0oទៅ180o ក្នុងរយៈទទឹងខាងកើតស្ថិតនៅក្នុងអឌ្ឍគោលខាងកើត (ខាងកើតខ្សែបណ្ដោយហ្គ្រីនវីច)។
ខ្សែស្រប
ខ្សែស្រប(Parallel)គឺជាខ្សែប្រឌិតស្របជាមួយនឹងខ្សែអេក្វាទ័រ។ ខ្សែអេក្វាទ័រ (ក៏ហៅជា ភូមធ្យរេខា) ជាខ្សែប្រឌិតដែលគូសខ័ណ្ឌចែកផែនដីជា២អឌ្ឍគោល គឺ អឌ្ឍគោលខាងជើង និង អឌ្ឍគោលខាងត្បូង។ ពាក្យ «អេក្វាទ័រ» (អង់គ្លេស៖ equator) មកពីពាក្យ «equate» មានន័យថា ធ្វើឲស្មើ ។ ឯពាក្យ «ភូមធ្យរេខា» គឺពាក្យក្លាយមកពីភាសាបាលី « भूमध्यरेखा » (Bhūmadhyarēkhā) ដែលចេញមកពីពាក្យ ភូមិ (ផែនដី, ដី, ...)។ រេខា (ស្នាម, គំនូស, ...) ។ ខ្សែអេក្វាទ័រមានរយៈទទឹង 0o។ ខ្សែអេក្វាទ័រប្រវែងសរុបប្រហែល ៤០០៧៥ គ.ម។ ខ្សែស្របនៅខាងជើងអេក្វាទ័របង្ហាញអំពីរយៈទទឹងខាងជើង ដែលមានរយៈទទឹងពី 0o នៃអេក្វាទ័រដល់ 90o នៃប៉ូលខាងជើង។ ចំណែកខ្សែស្របខាងត្បូងអេក្វាទ័របង្ហាញពីរយៈទទឹងខាងត្បូង ចន្លោះពី 0o ដល់ 90o មកដល់ប៉ូលខាងត្បូង។
No comments:
Post a Comment